ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ២០២៤

ចេញផ្សាយថ្ងៃសុក្រទី១៧ ខែមករា ឆ្នាំ២០២៥
………………………………………….
នាព្រឹក១៧ខែមករាឆ្នាំ២០២៥នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តឧត្ដរមានជ័យ បានរៀបចំប្រារព្វទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ និងលោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តតំណាងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត ដែលទិវានេះប្រព្រឹត្តិធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តផ្ទាល់ ដោយមានសមាសភាពពាក់ព័ន្ធចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោកជំទាវ មុំ ពុទ្ធីតា បានលើកឡើងថា ទិវាវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូគឺជាយុទ្ធនាការ ដ៏ទូលំទូលាយសម្រាប់ការផ្សព្វផ្សាយការយល់ដឹង អំពើជួញដូរមនុស្ស ផលប៉ះពាល់ និងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សប្រចាំឆ្នាំ ក៏ដូចជាវេទិកាអំពាវនាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិចូលរួមសហការ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពមនុស្សជាតិ ពីអំពើជួញដូរមនុស្ស ការកេងប្រវញ្ច័ និងការរំលោភបំពានគ្រប់រូបភាពទៅលើមនុស្សដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្សដែលចង់រស់រៀនជួបជុំគ្រួសារ និងសេចក្តីសុខ។
ឯកឧត្ដម ស៊ី ប្រាសិទ្ធ បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមាន អាស្រ័យកត្តាបីសំខាន់គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និង ការឆក់ឱកាសពីជនល្មើស។ រូបភាពនៃ អំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដូចជាអំពើជួញដូរសេរីរាង្គ និង បទល្មើសរត់ពន្ធ ឬ ជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួសជាដើម ដែលនេះជាកង្វល់ថ្មីទៀត ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បាននឹងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្តើរៗ ឱ្យបានទាន់ពេលវេលា ។

ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ សហការជាមួយគ្នាធ្វើការផ្សព្វផ្សាយ និងអនុវត្តន៍ការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ជាពិសេសការជួញដូរដែលធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ៕

 

Leave a Reply

Your email address will not be published. Required fields are marked *