យ៉ាងណា ពាក់ព័ន្ធករណីផ្ទុះនេះ លោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន និងជាអ្នកនាំពាក្យ បានថ្លែងប្រាប់ នៅរសៀលថ្ងៃដដែលនេះថា ការផ្ទុះមីនតោនសម្លាប់មន្ត្រីជំនាញបោសសម្អាតមីនេះ ជាករណីកម្រកើតមានណាស់ ដោយសារមុននឹងធ្វើការបោសសម្អាតមន្ត្រីទាំងអស់បានសិក្សាក្បួនច្បាប់ត្រឹមត្រូវ ប៉ុន្តែក៏នៅមានមួយចំនួនតូចបំផុត ដោយសារក្នុងពេលប្រតិបត្តិការមន្ត្រីមួយចំនួនមានបញ្ហាសុខភាពវិលមុខ ឬក៏បញ្ហាអ្វីផ្សេងជាដើម។ល។ តែយ៉ាងណាមន្ត្រីជំនាញនៅតែមិនទាន់កំណត់បាននៅឡើយ ជុំវិញករណីផ្ទុះនៅខេត្តឧត្តរមានជ័យនេះ។ លោក ទេព កល្យាណ ថ្លែងបញ្ជាក់ថា៖«[..]ក្នុងករណីផ្ទុះព្រឹកមិញនេះ យើងអត់ទាន់អាចសន្និដ្ឋានបានទេ ព្រោះអីយើងមានក្រុមចុះទៅស៊ើបអង្កេតសិន[..]»។
ទន្ទឹមនឹងដំណឹងក្រៀមក្រំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្ញើសារលិខិតរំលែកមរណទុក្ខ និងចាត់ទុកថា៖«ការបាត់បង់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន»។
តាមរបាយការណ៍ក្នុងឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់បានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម លើផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបបានចំនួន១២៥៦ចម្ការ ស្មើនឹងជិត២០០គីឡូម៉ែត្រក្រឡា។ បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន៩៩៨៧៤គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន ១៦១៥៦គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១៥៧គ្រាប់ មីនកែច្នៃចំនួន៤គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនគ្រប់ប្រភេទចំនួន៧៥៤៩១គ្រាប់ រួមមានគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់បែកចង្កោម។ ក្រៅពីនោះក៏មានប្រតិបត្តិការក្រោមទឹកផងដែរ ដោយសម្រេចបានលើផ្ទៃទឹក៤២០០ម៉ែត្រក្រឡា។របាយការណ៍ដដែលអះអាងថា ក្នុងរយៈពេលដូចគ្នានោះ មជ្ឈមណ្ឌលបានហ្វឹកហ្វឺនសិក្ខាកាមអ្នកបន្តវេន៨៤៣នាក់ និងគ្រូបច្ចេកទេសបានចំនួន៨៤នាក់ ពង្រឹងសមត្ថភាពលើការងារស្រាវជ្រាវចម្ការមីន និងចម្ការគ្រាប់ថ្មីៗ។
ជាមួយគ្នានោះ កម្ពុជាបានបន្តសម្របសម្រួលការងារហ្វឹកហ្វឺន និងចែករំលែកបទពិសោធជាមួយបណ្តាប្រទេសមានបញ្ហាមីន គ្រាប់មិនទាន់ផ្ទុះរួមមាន ប្រទេសអ៊ុយក្រែន ប្រទេសកូឡុំប៊ី និងប្រទេសតំបនអាព្រិកមួយចំនួនផងដែរ៕