រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា ៖ អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់មានតូនាទីសំខាន់ក្នុងការជួយបញ្ជូនសារក៏ដូចជាការអប់រំនានាជូនដល់សាធារណជនដើម្បីឱ្យចៀសផុតពីការប្រើ ប្រាស់ ការសេពគ្រឿងញៀន និងការជួញដូរគ្រឿងញៀន

(ភ្នំពេញ)÷ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤- ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វ ផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានថ្លែងបញ្ជាក់ថា អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់មានតូនាទីសំខាន់ក្នុងការជួយបញ្ជូនសារក៏ដូចជាការអប់រំនានាជូនដល់សាធារណជនដើម្បីឱ្យចៀសផុតពីការប្រើ ប្រាស់ ការសេពគ្រឿងញៀន និងការជួញដូរគ្រឿងញៀន ហើយចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃបញ្ហាគ្រឿងញៀន។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “តួនាទីអ្នកសារព័ត៌មានចូលរួមប្រយុទ្ធប្រឆាំងគ្រឿង ញៀន” រៀបចំដោយក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿង ញៀនក្រសួងព័ត៌មាន សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។

ការរៀបចំសិក្ខាសាលាដែលបានធ្វើឡើងនាឱកាសនេះក្នុងគោលបំណង បង្កើនការយល់ដឹងដល់អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី ផលិតករ អ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មាន បានយល់ដឹងពីបញ្ហាគ្រឿងញៀន ចូលរួមផ្សព្វផ្សាយ ចែករំលែកនូវសារអប់រំអំពី ផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាការចូលរួមចំណែកនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិ បាលកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា អ្នក សារព័ត៌មានដែលបានសរសេរអត្ថបទ ផលិតបទយកការ ពិធីករ ពិធីការិនី ដែលធ្វើអត្ថាធិប្បាយទាក់ទងបញ្ហានាំអោយគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន គឺជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមពង្រឹងនូវចំណេះដឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ហើយក៏ជាការរំលឹកជាប្រចាំតាមរយៈសារនិយាយពីផលប៉ះពាល់ដែលកើតចេញពីគ្រឿងញៀន។

ឯកឧត្តមលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហាសកល មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ គឺបណ្តាប្រទេសនានាលើពិភពលោកបានប្រឈមលើបញ្ហានេះផងដែរ,បញ្ហាគ្រឿងញៀនមិនមែនជារឿងដោយ ឡែករបស់ប្រទេសណាមួយនោះទេ ប៉ុន្តែជារឿងរួមសម្រាប់បណ្តាប្រទេសទាំងអស់ ហើយក៏មិនមែនជារឿងកើតឡើងដោយឯងៗនោះទេ គឺមានអង្គការចាត់តាំងច្បាស់លាស់។

ដូច្នេះហើយការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមិនមែនតែរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន អាចធ្វើបានជោគ ជ័យនោះទេ ចាំបាច់ណាស់ត្រូវការកិច្ចសហ ការជាមួយគ្រប់ដៃគូរពាក់ពន្ធ័ទាំងអស់ ហើយក្នុងថ្ងៃនេះ គឺទទួលបានការចូលរួមបន្ថែមទៀតពីអ្នកសារព័ត៌មាន ពិធីករ ពិធីការិនី ផលិតករ អ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មាន ដែលបានតាំងចិត្តរួមគ្នាជាមួយរាជរដ្ឋាភិបាល ទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកំណត់យកវិធានការអប់រំផ្សព្វផ្សាយជាវិធានការចម្បងសំដៅទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនក្នុង ចំណោមពលរដ្ឋមួយចំនួននៅកម្ពុជា កសាងសង្គមកម្ពុជាមួយដែលគ្មានគ្រឿងញៀន ហើយដែលចាំបាច់ត្រូវការចូលរួមរបស់គ្រប់ភាគីទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន គឺជារឿងចាំបាច់ដែលត្រូវតែធ្វើជាប់ជាប្រចាំ ដើម្បីប្រឹងប្រែងផ្សព្វផ្សាយអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ។

 

Leave a Reply

Your email address will not be published. Required fields are marked *