ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ៤នាក់ បានជិះម៉ូតូ២គ្រឿង ចូលមកខាងមុខកាស៊ីណូថ្មពេជ្រ ពេលនោះជនសង្ស័យ២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន២ដើម បាញ់ទៅលើសន្តិសុខ៧គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះម្នាក់ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង ដាច់រលាត់ស្បែកចេញឈាម បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ (ជាប្រភេទគ្រាប់បែកដែកកេះ) ចោលចូលទៅក្នុងបរិវេណកាស៊ីណូថ្មពេជ្រ រួចគេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា នៅទីតាំងកើតហេតុនគរបាលជំនាញ បានរកឃើញសំបកគ្រាប់ទំហំ៩មីលីម៉ែត្រ ចំនួន៧សំបកគ្រាប់, ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ១សម្រាប់ និងក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ១គ្រាប់។
បច្ចុប្បន្ន កម្លាំងជំនាញ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យ៕